លោកស៊ុនចាន់ថុល៖ស្ពាន-ថ្នល់មានតួនាទីសំខាន់ប្រៀបដូចសរសៃឈាមជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងនៅក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្តាលកាលថ្មីៗនេះថា ស្ពានបត់ដុំដៃ ប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ ដោយប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើ មានទទឹង ២,៥ម៉ែត្រ ប្រវែង ១៨ម៉ែត្រ សាងសង់ឡើងមុនឆ្នាំ១៩៦២ ហើយបន្តប្រើប្រាស់រហូតដល់ឆ្នាំ២០២១ ដោយពិនិត្យឃើញមានភាពទ្រុឌទ្រោម ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ រួមជាមួយភាគីជប៉ុន (គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស “ជំនួយគូសាណូណិ”) ចាប់ផ្តើមសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ បើកការដ្ឋាននៅថ្ងៃទី១១ មីនា ២០២២ នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១ កក្កដា ២០២២ លឿនជាងផែនការគ្រោងទុក។ ជាមួយនោះក៏មានការជួសជុលឡើងវិញ អគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ បានសាងសង់ចាប់តាំងពីក្នុងឆ្នាំ១៩៩៦ មានរយៈពេល២៦ឆ្នាំ ហើយបានរងការស្រុតនៅកម្រាលបាតដោយមូលហេតុរងការលិចត្រាំទឹកឡើងរាល់រដូវវស្សា អគារនេះក្រុមការងារបានបញ្ចប់ការសាងសង់ហើយរួចរាល់១០០% នៅថ្ងៃទី១០ ឧសភា ២០២២ នឹងបានផ្តល់ជូនលោកនាយកសាលាដាក់ឱ្យប្រើប្រាស់ជាធម្មតាឡើងវិញ៕

អត្ថបទ៖សារេត