សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

សម្តេចតេជោ បានបញ្ជាក់ថា នេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។
ជាមួយគ្នានេះ សម្តេចតេជោបានរំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា «ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ»។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។
សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ជាមួយគ្នានេះ សម្តេចតេជោក៏បានអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ។
សូមបញ្ជាក់ថា តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជាបាននាំទៅថៃជាង១,១ពាន់លានដុល្លារ រីឯថៃនាំចូលមកកម្ពុជាវិញជាង៥,២ពាន់លានដុល្លារ គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤,១ពាន់លានដុល្លារ។
ដោយឡែកសម្រាប់៥ខែដើមឆ្នាំ២០២៥នេះ កម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាវិញជាង១,៥ពាន់លានដុល្លារ៕
