CDC ពិនិត្យសំណើសុំចុះបញ្ជីលើគម្រោងវិនិយោគចំនួន៩ ក្នុងទំហំទុន ៦៧ លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្នុងតម្លៃទុនវិនិយោគ ៦៧ លានដុល្លារអារមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

សូមជម្រាបថា គម្រោងវិនិយោគទាំង៩ខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មទាំង៩គម្រោង (ខារអំបោះនិងជ្រលក់ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដ្រុកស៊ីតនិងម្សៅបៀកជញ្ជាំង, ផលិតត្រីខកំប៉ុងនិងទឹកត្រី, ផលិតវ៉ែនតានិងសម្ភារៈបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, ផលិតគ្រឿងតុបតែងសក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, ផលិតអំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទនិងសម្ភារៈបន្ទាប់បន្សំអំពូលភ្លើង)។

គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះដែរ គឺបានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងបាត់ដំបង៕ អត្ថបទ៖ហ្សាលីន