សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបពិភាក្សាការងារបានប្រព្រឹត្តិទៅកាលថ្ងៃទី១៨ កុម្ភៈ ២០២៦ ខណៈដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប។កិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។


សម្តេចធិបតី ហ៊ុន ម៉ាណែត មិនទាន់បានបញ្ជាក់ច្បាស់ពីកិច្ចពិភាក្សានេះផ្តោតលើរឿងអ្វីពិតប្រាកដនៅឡើយទេ ប៉ុន្តែអ្នកជំនាញក្នុងប្រទេសកម្ពុជា រំពឹងថា កិច្ចពិភាក្សានេះ នឹងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជា អាចឈានទៅការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងផ្តល់ដល់វិស័យពាណិជ្ជកម្មកម្ពុជា-អាមេរិកផងដែរ៕ អត្ថបទ៖ ហ្សាលីន


