សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ាន ចាំបាច់ត្រូវរួមគ្នាជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវតែជំរុញការអនុវត្តនូវសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត។ ការថ្លែងបែបនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ កាលព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួមនៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។

បន្ថែមពីនេះ សម្ដេច ក៏បានកត់សម្គាល់ថា៖« វិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ហេតុនេះភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍»។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់ សម្ដេច ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។

គួរបញ្ជាក់ដែរថា ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦នេះដែរ បណ្តាថ្នាក់ដឹកនាំអាស៊ានរួមទាំងកម្ពុជាផង ក៏ប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូល៕

អត្ថបទ៖​ពិសី