ក្រុមហ៊ុន PHILOCEAN INTERNATIONAL (CAMBODIAN) CO., LTD. នឹងបោះទីតាំងវិនិយោគលើគម្រោងស្វែងរុករករ៉ែលោហៈ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (IEIA)។

គម្រោងស្វែងរុករករ៉ែលោហៈនេះ ត្រូវបានក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (IEIA) ដែលកិច្ចប្រជុំពិនិត្យ វាយតម្លៃនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយ លោក ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន។

យោងតាមរយៈកិច្ចប្រជុំខាងលើបានឱ្យដឹងថា សម្រាប់គម្រោងស្វែងរុករករ៉ែលោហៈនេះ នឹងវិនិយោគលើផ្ទៃដីទំហំ ២០០គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងឃុំសន្តិភាព និងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង វិនិយោគដោយក្រុមហ៊ុន PHILOCEAN INTERNATIONAL (CAMBODIAN) CO., LTD.។ គម្រោងនេះ សិក្សាដោយក្រុមហ៊ុនទីប្រឹក្សា 3P ENVIRONMENTAL SOLUTIONS CO., LTD.។

គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសលើរបាយការណ៍នេះ ដោយធានាឱ្យបានថាគម្រោងបានគិតគូរដល់កិច្ចគាំពារបរិស្ថាន ព្រមទាំងកំណត់វិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម រួមជាមួយនឹងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។
គួរឱ្យដឹងដែរថា រ៉ែលោហៈ ជាប្រភេទរ៉ែមានផ្លេកលោហៈចម្លងកម្តៅ និងអគ្គិសនីបានល្អអាចផែបាន និងហូតជាបាន ។ ធនធានរ៉ែលោហៈ ជាប្រភេទរ៉ែដែលចាត់ចូលជាធនធានរ៉ែកម្រនៅកម្ពុជា ដែលធនធានរ៉ែលោហៈ មានដូចជា ដែកស្ពាន់ធ័រ រ៉ែមាស រ៉ែបុកស៊ីត រ៉ែដែក ជាដើម៕

