លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញការប្រើប្រាស់បច្ចេកវិទ្យា(AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ

សង្គម​ និង​សេដ្ឋកិច្ច


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានជំរុញឱ្យមានការប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាកម្មពិធីនោះ លោកជំទាវបណ្ឌិត បានវាយតម្លៃ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ ក្រុមការងាររបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដោយកាលពីឆ្នាំ២០២៥កន្លងទៅនេះ សមាគម TYDA បានរៀបចំយ៉ាងជោគជ័យរួចមកហើយ។
 
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យមានការប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ ព្រោះក្នុងគោលដៅរួមគឺ ចង់ឃើញអ្នកជំងឺទទួលបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមានការទទួលខុសត្រូវ។

លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាអាចជួយឱ្យយើងរកឃើញរោគវិនិច្ឆ័យលឿនជាងមុន ល្អប្រសើរជាងមុន រៀបចំផែនការបានល្អជាងមុន ប៉ុន្តែបច្ចេកវិទ្យាមិនអាចជំនួសនូវមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណារបស់គ្រូពេទ្យបានទេ។
 
ជាថ្មីម្តងទៀត លោកជំទាវបណ្ឌិតបានចែករំលែកនូវគោលគំនិតមួយចំនួនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីជំរុញវិស័យសុខាភិបាលរួមមាន៖១.សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ ២.សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ ៣.សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមសីលធម៌វិជ្ជាជីវៈ ៤.សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់ និង៥.សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA ៕
អត្ថបទ៖ហ្សាលីន