សម្តេចធិបតី៖ ម៉ាឡេស៊ីជាប្រទេសគំរូ និងបានចូលរួមយ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាម៉ាឡេស៊ីគឺជាប្រទេសគំរូ ខណៈសម្តេចក៏បានបញ្ជាក់ថា ម៉ាឡេស៊ី គឺបានការចូលរួមយ៉ាងសកម្ម និងជាបន្តបន្ទាប់ក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងដូចនេះ តាមរយៈសារលិខិតជូនពរ លោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ ទិវាបុណ្យជាតិម៉ាឡេស៊ី ដែលផ្សាយតាមរយៈហ្វេសប៊ុករបស់សម្តេចធិបតី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

សម្តេចធិបតី បានបញ្ជាក់ក្នុងលិខិតខាងលើថាតាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោករដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ ប្រទេសម៉ាឡេស៊ី។

សម្តេចធិបតីបន្តថា ជាសង្គមមួយដែលមានវប្បធម៌ចម្រុះ និងការរីកចម្រើនដ៏ល្អប្រសើរ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូ ក្នុងការបង្រួបបង្រួមជាតិ និងមានភាពសុខដុមរមនាដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរ តួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងលើវេទិកាអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី បានបន្តថា កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើងដែលបានកើតចេញពីការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏យូរអង្វែង បានបន្តលូតលាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើង។ ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនឹងបន្តរីក ចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរ ថែមទាំងរួម ចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។

ឆ្លៀតយកឱកាសនេះដែរ សម្តេចធិបតី ក៏សម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរសកម្ម ជាបន្តបន្ទាប់ របស់ម៉ាឡេស៊ីក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង ឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥។ ក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់លោក កិច្ចប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ បាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់របស់យើង។

កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្ត សម្រេចឱ្យបាននូវដំណោះស្រាយសម្រាប់បញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ៕អត្ថបទ៖ ហ្សាលីន