កូនអ្នកខេត្តព្រៃវែងរូបនេះ កាន់ដំណែងច្រើនក្នុងខេត្តមុនក្លាយជាឧបនាយករដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលតួនាទីនេះកាន់បន្ទាប់ពីសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព។ ក្រៅពីនេះ លោកក៏ជាសមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអ្នកមានបទពិសោធន៍ច្រើនក្នុងកិច្ចការនយោបាយផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ប៉ុន្តែត្រូវផ្ទេរទៅឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨។

លោក ប៊ិន ឈិន កើតនៅថ្ងៃ១៧ ខែសីហា ឆ្នាំ១៩៤៩ នៅក្នុងឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង។ លោកមានសញ្ញាប័ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយជាតំណាងរាស្ត្រមណ្ឌល ព្រៃវែងពី ឆ្នាំ ១៩៩៨ ដល់ ២០១៣ និង ជាអតីតប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ពីរអណត្តិពី ឆ្នាំ ២០០១ ដល់ ២០០៧។

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តី សម្រេចកែសម្រួល និង កំណត់ភារៈកិច្ចឱ្យ លោក ប៊ិន ឈិន ទទួលខុសត្រូវដឹកនាំដោយមានមុខងារជា ច្រើនទាំងនោះសុទ្ធតែជាការងាររបរបស់សម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្ត្រីទទួលទីស្តីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០១៦។

មុខងារច្រើនដែលលោក ប៊ិន ឈិន កំពុងដឹកនាំមួយចំណែកធំ ដែលនាយករដ្ឋមន្ត្រីប្រគល់ឱ្យដើម្បីជួយដោះ ស្រាយ ការងារប្រចាំថ្ងៃរបស់ប្រមុខរដ្ឋាភិបាលរួមមាន៖ ទទួលបន្ទុកប្រចាំការដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយក រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និង បណ្តាឧបនាយករដ្ឋមន្រ្តី។ នេះបើអ្នកសិក្សាស្រាវជ្រាវសង្គម និងអ្នកតាមដានសង្គមម្នាក់ប្រាប់ឧកញ៉ាញូស៍។

ក្រៅពីនេះ លោក ប៊ិន ឈិន ក៏នឹងត្រូវទទួលបន្ទុកការងារតាមដានសម្របសម្រួលដំណើរ ការតុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមផងដែរ។ លោក ប៊ិន ឈិន ក៏ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុង ការពិនិត្យនិងសម្រេចលើ ការងាររបស់ «ច្រកចេញ-ចូល តែមួយ» នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប៉ុន្តែការងារនេះលោកនឹងសុំការណែនាំឬ ការសម្រេចពីនាយករដ្ឋមន្ត្រី លើការងារដែលមានវេទយិតភាពខ្ពស់។

មុនឡើងដំណែង និងកាន់មុខងារច្រើនជាបន្តបន្ទាប់ក្នុងជួររាជរដ្ឋាភិបាល នៅមុនឆ្នាំ១៩៧៥ លោក ប៊ិន ឈិន ធ្លាប់ធ្វើជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ និងជាសិស្សជាន់ខ្ពស់ជំនាន់ទី២ សាលាជាតិរដ្ឋបាល។

ឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨២ ជាបុគ្គលិកមន្ទីរឧស្សាហកម្ម ពាណិជ្ជកម្ម ខេត្តព្រៃវែង។ ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤ ប្រធានការិយាល័យមន្ទីរឧស្សាហកម្ម ពាណិជ្ជកម្ម ខេត្តព្រៃវែង។

ហើយនៅក្នុងឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៦ កាន់ដំណែងជាប្រធានមន្ទីរឧស្សាហកម្មខេត្តព្រៃវែង។ ឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩០ អនុប្រធានខេត្តទទួលបន្ទុកផែនការខេត្តព្រៃវែង។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩២ អនុប្រធានខេត្តទទួលបន្ទុកកសិកម្ម ខេត្តព្រៃវែង និងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ អនុប្រធានទី១ ខេត្តព្រៃវែង៕