ជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-បងក្លាដែស ជំរុញទំហំពាណិជ្ជកម្ម និងពង្រីកការនាំអង្ករចេញ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ កញ្ញានេះ មានបំណងឲ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសឲ្យមានស្ថេរភាព ខណៈដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស នៅចំពោះមុខសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ប្រាប់ថា លោកស្រីបានស្នើឲ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។

លោកស្រីគូសបញ្ជាក់បន្ថែមថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកស្រីមានប្រសាសន៍ថា៖ «យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន»។

ទន្ទឹមនឹងនេះ លោកស្រី ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

យ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ប្រាប់លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែល ថា៖ «នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ»។

សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕