គម្រោងសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់ តម្លៃប្រមាណ ២៦.៤២លានដុល្លារ សម្រេចបាន ៧២%ហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ត្រឹមខែវិច្ឆិកានេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងខេត្ដបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែត នឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែក ចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំ សម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនថៃ នឹងចូលរួមធ្វើការវិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹង បត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជ កម្ម និងតំបន់ស្នាក់នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពី គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះ ដាក់ឱ្យដំណើរការ។

សូមជម្រាបថា គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៩២៨លានបាត ស្មើនឹងប្រមាណ ២៦.៤២លានដុល្លារ៕