ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទចូលក្នុងកញ្ចប់ថវិកាជាតិបានចំនួន ៥ ០២៨,០១ពាន់លានដុល្លារ ប្រមាណ ១ ២៥៣,៨៧លានដុល្លារអាម៉េរិក ។ ចំណូលនេះ គឺស្មើនឹង៣០,៨៨ភាគរយ នៃផែនការកំណត់ក្នុងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ នេះបើយោងតាម អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងចំណោមចំណូលដែលប្រមូលបាន១ ២៥៣,៨៧លានដុល្លារ គឺមាន ៤ ០៩២,៤១ពាន់លានរៀល ស្មើនឹង៨១,៣៩ភាពរយបានពីការប្រមូលពន្ធអាករពីអ្នកជាប់ពន្ធធំ។ សម្រាប់ចំណូលពីអ្នកជាប់ពន្ធមធ្យមវិញនោះ គឺពន្ធដារប្រមូលបាន៧៣៧,៩១ពាន់លានរៀល ស្មើនឹង១៤,៦៨ភាគរយ ខណៈចំណូលពន្ធអាការពីអ្នកជាប់ពន្ធតូច ប្រមូលបាន៣៣,៤៧ពាន់លានរៀល ស្មើនឹង០,៦៧ភាគរយ។
ចំណែក ចំណូលអាករពីប្រភេទពន្ធផ្សេងៗ (ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធផ្សេងៗ) អគ្គនាយកដ្ឋានប្រមូលបាន១៦៤,២០ពាន់លានរៀល ស្មើនឹង៣,២៧ភាគរយ នៃចំណូលអាករសរុប នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ប្រភេទចំណូលពន្ធសំខាន់ៗ ដែលពន្ធដារប្រមូលបានសម្រាប់ទ្រទ្រង់ការចំណាយរបស់រដ្ឋាភិបាលនោះ មាន ពន្ធលើប្រាក់ចំណូលចំនួន ២ ៣៣២,៧០ពាន់លានរៀល អាករលើតម្លៃបន្ថែមចំនួន ៩០២,៤០ពាន់លានដុល្លារ អាការពិសេសចំនួន ២០៤ពាន់លានរៀល ពន្ធប្រថាប់ត្រាសរុប( ផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ)ចំនួន១៤៤,២៥ពាន់លានរៀល ពន្ធកាត់ទុកទូទៅចំនួន ៨៥៤,៩៥ពាន់លានរៀល និងចំណូលពន្ធផ្សេងៗមានចំនួន១៨៣,៣៦ពាន់លានរៀល៕
