រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ ការកំណត់មុខម្ហូបដែលជាអត្តសញ្ញាណជាតិ តាមបណ្តាខេត្តនិងតំបន់ ជាជំហានបឋមដ៏សំខាន់ដើម្បីជំរុញទេសចរណ៍ម្ហូបអាហារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការកំណត់មុខម្ហូបដែលជាអត្តសញ្ញាណជាតិ និងតាមបណ្តាខេត្តនិងតំបន់ គឺជាជំហានបឋមដ៏មានសារៈសំខាន់ដើម្បីជំរុញទេសចរណ៍ម្ហូបអាហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្រ្ដីអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ» កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ហួត ហាក់ បានបន្ថែមថា យុទ្ធសាស្ត្រការកំណត់មុខម្ហូបនេះ គឺជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាព សម្រាប់បណ្តាប្រទេសជាច្រើនទាំងក្នុងតំបន់ និងសកលលោក ក្នុងការកសាង និងពង្រឹងកិត្តិនាមជាតិ តាមរយៈការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងមរតកម្ហូបអាហារ ដើម្បីបង្កើនភាពទាក់ទាញរបស់ប្រទេស ទាក់ទាញភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងគាំទ្រកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ការធ្វើពិពិធកម្មផលិតផល តម្រូវឱ្យយើងត្រូវរួមគ្នាជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីៗ ដូចជា ខ្សែទស្សនកិច្ចម្ហូបអាហារ និងកសិទេសចរណ៍-ម្ហូបអាហារ ដើម្បីបង្កើតជាតម្លៃបន្ថែមដ៏មានភាពទាក់ទាញ ក្នុងការបំផុសចិត្តភ្ញៀវទេសចរឱ្យស្នាក់នៅកាន់តែយូរ និងចំណាយកាន់តែច្រើនក្នុងសេដ្ឋកិច្ចមូលដ្ឋាន។

ជាពិសេស លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ការច្នៃប្រឌិតនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរក្សាការពារអត្តសញ្ញាណ “រសជាតិដើម” ស្របគ្នានឹងការលើកកម្ពស់ស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ។

លោក ហួត ហាក់ សង្កត់ធ្ងន់ថា ភ្ញៀវទេសចរសម័យថ្មី មិនត្រឹមតែចង់មកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំតំបន់ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីទទួលបាននូវបទពិសោធពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណ និងភាពវិសេសវិសាលរបស់គោលដៅទេសចរណ៍នីមួយៗ៕