គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើក“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងតម្លៃប្រមាណ ១៩៥ លានដុល្លារអាមេរិក ដែលបោះទីតាំងនៅក្នុងខេត្តចំនួន២។

ថ្លែងក្នុងកិច្ចប្រជុំ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជា វុទ្ធី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៩៥ លានដុល្លារអាម៉េរិក នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ។
ជាងនេះទៀត គម្រោងនេះ ក៏នឹងអាចបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើនផលិតផលក្នុងស្រុក, បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរខាងលើនេះ គឺមានទីតាំងស្ថិតនៅស្រុកជុំគីរី ខេត្តកំពត និងក្រុងច្បារមន ក្នុងខេត្តកំពង់ស្ពឺ៕អត្ថបទ៖ហ្សាលីន

