ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ខណៈសម្តេចតេជោអំពាវនាវឱ្យត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងតាមរយៈបណ្តាញសង្គមថា ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា។ ដោយសម្តេចបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ​ សម្តេចតេជោក៏បានបង្ហាញជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។

សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់ថា ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត។

ជុំវិញរឿងនេះ សម្តេចតេជោបញ្ជាក់ថាមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី។

សូមបញ្ជាក់ផងដែរថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជាធ្លាប់​បាន​ថ្លែង​ព្រមានដល់​អ្នកនយោបាយ ជ្រុលនិយម​ថៃ ​លោក សិទ្ធិ លឹ​ម​ថង​គុល នេះផងដែរក្នុង​ឱកាស​ថ្លែង​សារ​ពិសេស​ទៅ​កាន់​ជនរួមជាតិ មុន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៥ ​កាលពីថ្ងៃទី​១៦ ខែមិថុនា ដោយសម្តេចឱ្យ​រៀន​ប្រើប្រាស់​ពាក្យ​សម្តី​ឱ្យ​សមរម្យ និង​កុំ​ចង់​ព្រហើន​ជា​មួយ​កម្ពុជា ក្នុង​បញ្ហា​ទំនាស់​ព្រំដែន ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ពេលថ្មី​ៗ​នេះ៕