សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិត

សង្គម​និង​សេដ្ឋកិច្ច

ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ ខណៈរាជរដ្ឋាភិបាល បានប្តេជ្ញានៅតែបន្តយកចិត្តទុកដាក់ជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិតឱ្យកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី(ក.ជ.ក.ស) នាព្រឹកថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ខណៈសម្តេចអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិតឱ្យកាន់តែខ្លាំងថែមទៀត។

បើតាមរបាយការណ៍ពីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានបង្ហាញដោយ លោកស្រី  អ៉ឹង កន្ថាផាវី នាឱកាសនោះដែរ បានឱ្យដឹងថា ក្នុងវិស័យសាធារណៈ អត្រាមន្រ្តីរាជការស៊ីវិលជាស្រ្តីមានចំនួនកើនឡើងពី៤០% នៅឆ្នាំ២០១៩ ដល់ ៤២% នៅឆ្នាំ២០២២ ហើយសមាមាត្រមន្រ្តី រាជការជាស្រ្តីក្នុងតួនាទីធ្វើសេចក្តីសម្រេចចាប់ពីអនុប្រធានការិយាល័យដល់ថ្នាក់អគ្គនាយក និងឋានៈស្មើមាន ២៧% គិតត្រឹមឆ្នាំ២០២២។

នៅរដ្ឋបាលថ្នាក់ក្រោមជាតិស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានីខេត្តមានចំនួន ៨០ រូប (ស្មើ ១២,៨៤% ) និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួ ន ៧៨៩ រូប(ស្មើ ១៩,៧៥%) ។ស្រ្តីមានពិការភាពចំនួន ៣ ៥០០ នាក់ នៃចំនួនសរុប ៧៥៣៥ នាក់ មានការងារធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជន។

ក្នុងវិស័យការបរទេសស្រ្តីមានមុខតំណែងប្រចាំការនៅបរទេសចំនួនសរុប ៥១រូប និងឯកអគ្គរាជទូតចំនួន ០៤ រូប (សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ ប្រទេសវៀតណាម និងចក្រភពអង់គ្លេស) ។ ចំពោះការចូលរួមរបស់ស្រ្តីក្នុងបេសកកម្ម និងកងកម្លាំងរក្សាសន្តិភាព កម្ពុជាទទួលចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២៣ប្រទេស និងចំណាត់ថ្នាក់លេខ១ ក្នុងក្របខណ្ឌអាស៊ាន។ ក្នុងឆ្នាំ២០២៣ មន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលចូលនិវត្តន៍មានចំនួន ៦៧៩ នាក់ នៃមន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍សរុប ១៧៦១ នាក់។

ដោយឡែក ក្នុងវិស័យសេដ្ឋកិច្ចស្ត្រីកម្ពុជាជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច ហើយបច្ចុប្ប ន្ន ស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេសសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ចនៅកម្រិតជាតិ និងថ្នាក់តំបន់។ ជាក់ស្តែង ផែ្អកតាមលទ្ធផលនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញពីចំនួនស្រ្តី ៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា និងនៅក្នុងអង្គភាពសេដ្ឋកិច្ចធ្វើអាជីវកម្មតាមចិញ្ចើមផ្លូវមានប្រមាណ ១០,២% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប ក្នុងនោះមានតំណាងជាស្ត្រីមាន ៧៥% ៕ អត្ថបទ៖ រង្សី