ក្រុមហ៊ុនទេសចរណ៍ចិនធំៗ ចាប់អាម្មរណ៍លើកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

សេដ្ឋី និងមុខជំនួញ

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ ក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន»  កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ដែលជាជំនួបផ្គូផ្គងមានអ្នកទិញ ជាង៦៣ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកលក់ជាការីទេសចរណ៍កម្ពុជាធំៗ ជាង៧៥ក្រុមហ៊ុន ដែលមានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋាគារម៉ាកអន្តរជាតិល្បីៗ មានការរំពឹងទុកលើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ទស្សនកិច្ចចាប់ពី ៧៥%ឡើងទៅ។ អ្នករៀបចំកម្មវិធី ក៏បានរៀបចំជូនអ្នកទិញនូវដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជាដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។ល។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយចំនួនប្រជាជនជាង២លាននាក់ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវត្តមានដ៏ច្រើនរបស់ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ជិត ១៦០០ក្រុមហ៊ុន ដែលបានចូលរួមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង១,១លាននាក់ គិតត្រឹម១១ខែ ឆ្នាំ២០២៥ នេះ។

លោកបានវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ធុរជនចិនដែលពិតជាបានពិនិត្យមើលជាក់ស្តែងអំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជានាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

តាមរយៈស្ថិតិទេសចរណ៍រយៈពេល១១ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ (ប្រាំលានពីរសែន) នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិន មានចំនួនច្រើនជាង ១,១ (មួយលានមួយសែន) នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

លោកបានគូសបញ្ជាក់ថា ក្នុងន័យនេះកម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ជាពិសេសលើការផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវកាលបៃតងខាងមុខ។ តាមន័យនេះ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ៕