លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ខណៈ២ ខែដំបូង នៃឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត៦៩ម៉ឺននាក់។

ក្នុងពិធីអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 កាលពីថ្ងៃទី១៤មីនាថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។
លោកក៏បានលើកឡើងថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត១៥.១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ៕


