ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្ត្រីពាក់ព័ន្ធ និងតំណាងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាអនុវត្តការងារចុះមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងខេត្ត។

ឯកឧត្តម ប្រធានក្រុមការងារក៏បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តពង្រឹងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានកំណត់ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពការងារចុះមូលដ្ឋាន ការពង្រឹងសមត្ថភាពមន្ត្រី និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចំរើន៕