ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ នាពេលឆាប់នេះ នឹងមានរោងចក្រថ្មី ក្រោមទុនវិនិយោគជាង១១ លានដុល្លារ ចំនួន២ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តរួចរាល់ជាផ្លូវការហើយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានប្រកាសអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ ក្នុងទំហំទុនវិនិយោគប្រមាណ ៥.៥លានដុល្លារ។ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកបាទី ខេត្តតាកែវផងដែរ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតរទេះលើកដាក់ឥវ៉ាន់ ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២១២កន្លែង។

សូមជម្រាបដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៧៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារថ្មីជូនប្រជាពលរដ្ឋជាង ១៦ម៉ឺនកន្លែង តាមរយៈការចុះបញ្ជីរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត៕ អត្ថបទ៖ ហ្សាលីន

