អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយ លោក Noriyuki Hara

សមាគមឧកញ៉ាកម្ពុជា

តូក្យូ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បន្តអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីស្នាក់ការកណ្តាលរបស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren) ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយ លោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង MS&AD Insurance Group Holdings។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីដ៏មានឥទ្ធិពលរបស់សហព័ន្ធ Keidanren ដែលជាតំណាងឱ្យសំឡេងនៃវិស័យឯកជន និងបណ្តុំក្រុមហ៊ុនសាជីវកម្មធំៗរបស់ជប៉ុន។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហព័ន្ធមេត្តាបន្តដើរតួនាទីជាកាតាលីករក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងផ្សារភ្ជាប់រលកវិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជា វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះធ្វើការជម្រាបបន្ថែមអំពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ទីតាំងភូមិសាស្រ្តដែលអំណោយផល, កម្លាំងពលកម្មវ័យក្មេងដ៏មានសក្តានុពល, ច្បាប់ស្តីពីការវិនិយោគដែលមានលក្ខណៈបើកចំហ ផ្តល់ការលើកទឹកចិត្តខ្ពស់ និងមានភាពបត់បែន, ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សំដៅកាត់បន្ថយការចំណាយដឹកជញ្ជូន និងលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការដាក់ចេញនូវវិធានការយ៉ាងមុតស្រួចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់ការឆបោកតាមប្រព័ន្ធអនឡាញ។ 

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកប្រធាន និងក្រុមហ៊ុនដែលជាសមាជិកនៃសហព័ន្ធធុរកិច្ចជប៉ុន មកទស្សនកិច្ចសិក្សាពីកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ។

ជាការឆ្លើយតប លោក Noriyuki Hara បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ទីស្នាក់ការកណ្តាល Keidanren របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ លោកប្រធានបានធ្វើការកត់សម្គាល់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច សង្គម និងការពង្រឹងស្ថិរភាពនយោបាយរបស់កម្ពុជា និងគោលនយោបាយដ៏គួរឱ្យចាប់អារម្មណ៍របស់កម្ពុជា ព្រមទាំងបានបង្ហាញនូវចំណាប់អារម្មណ៍លើកាលានុវត្តភាពវិនិយោគថ្មីៗផងដែរ។ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី លោកបានបង្ហាញនូវសុច្ឆន្ទៈក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្នុងការផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពលទីផ្សាររបស់កម្ពុជា សំដៅឈានទៅកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមគ្នារវាងប្រទេសទាំងពីរតាមរយៈវិស័យឯកជននាពេលអនាគត។

ជំនួបពិភាក្សាការងារនាឱកាសនេះ គឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងជំនឿទុកចិត្ត និងរឹតបន្តឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហគមន៍ធុរកិច្ចលំដាប់កំពូលរបស់ជប៉ុន។ ផ្លែផ្កានៃកិច្ចពិភាក្សានេះ មិនត្រឹមតែជាកាលានុវត្តភាពក្នុងការទាក់ទាញរលកទុនវិនិយោគលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ ក្នុងការជំរុញឱ្យទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន កាន់តែរីកលូតលាស់និងកាន់តែខ្លាំងក្លា។