ប្អូនស្រីលោក ថាក់ស៊ីន ត្រូវបានតុលាការសម្រេចលើកលែងពីការចោទប្រកាន់លើសំណុំរឿងមួយ

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកធំៗជាច្រើនបាននិយាយថា តុលាការកំពូលរបស់ប្រទេសថៃ បានសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឲ្យរួចផុតពីការចោទប្រកាន់ទៅលើសំណុំរឿងមួយដែលកើតមានឡើងអំឡុងពេលកាន់តំណែងរបស់លោកស្រី ក្នុងឆ្នាំ២០១៣ មកម្លេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី យីងឡាក់ ត្រូវបានចាត់ទុកថាជាសមាជិកដ៏លេចធ្លោម្នាក់នៃគ្រួសារ ស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពល ដែលបានទៅរស់នៅក្រៅប្រទេសអស់រយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ដើម្បីគេចវេសពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីលោកស្រី ត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធា ឆ្នាំ២០១៤ ។

គួរឲ្យដឹងថា ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់តុលាការ ដើម្បីទម្លាក់ការចោទប្រកាន់លើលោកស្រី យីងឡាក់នេះ បានកើតឡើង ស្របពេលដែលលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាបងប្រុសរបស់លោកស្រី ថ្មីៗនេះក៏ត្រូវបានដោះលែងពីការឃុំខ្លួនផងដែរ បន្ទាប់ពីការវិលត្រលប់ចូលប្រទេសវិញ ក្រោយរស់នៅក្រៅប្រទេសអស់រយ:ពេលជាច្រើនឆ្នាំកន្លងមក។

បញ្ជាក់ផងដែរថា ករណីចោទប្រកាន់លើលោកស្រី យីងឡាក់ នេះ គឺត្រូវបានផ្តើមចេញពីពាក្យបណ្តឹងមួយក្នុងឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដែលបានចោទប្រកាន់លោកស្រីយីងឡាក់ និងមនុស្សពាក់ព័ន្ធបួននាក់ផ្សេងទៀត ពីបទធ្វើឲ្យខូចទ្រព្យសម្បត្តិប្រទេសជាតិ ដោយមិនអនុវត្តតាមដំណើរការដេញថ្លៃ ក្នុងការផ្តល់កិច្ចសន្យារដ្ឋាភិបាលដែលមានតម្លៃ ២៥០លានបាត (៦,៧១លានដុល្លារ) ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកស្រី យីងឡាក់ គឺលោក Noppadon Laothong បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា តុលាការបានទម្លាក់ចោលសំណុំរឿងប្រឆាំងលោកស្រី យីងឡាក់ និងអ្នកផ្សេងទៀត ដោយសារតែពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ហើយមិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់៕