មកដឹងលក្ខណ:ពិសេសខ្លះៗរបស់យន្តហោះ Boeing 747-8 តម្លៃ ៤០០លានដុល្លារ ដែលកាតា គ្រោងជូនដល់ លោក ត្រាំ

អន្តរជាតិ

កាលពីពេលៗនេះ មានដំណឹងថា ខ្សែ​រាជវង្ស​នៃប្រទេសកាតា គ្រោងនឹងផ្តល់យន្តហោះ Boeing 747-8 ជាអំណោយដល់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ប្រើជា Air Force One ដែលដឹកប្រធានាធិបតអាមេរិកដោយផ្ទាល់។ បច្ចុប្បន្ន Boeing 747-8 ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៤០០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញថ្ងៃនេះ យើងនឹងណែនាំឲ្យស្គាល់ពីលក្ខណ:ពិសេសខ្លះៗនៃយន្តហោះ Boeing 747-8 ៖

យន្តហោះ Boeing 747-8 គឺជាស៊េរីចុងក្រោយបំផុតមួយនៃពួកយន្តហោះដែលមានទំហំធំ និងតួខ្លួនវែង ស្ថិតនៅក្នុងត្រកូល Boeing 747 ដែលផលិតដោយក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មខ្នាតយក្សអាមេរិក Boeing ។

យន្តហោះដែលមានតួខ្លួនលាតសន្ធឹងវែងបំផុតមួយនេះ ដំបូងឡើងត្រូវបានគេហៅថា 747 Advanced ប៉ុន្តែក្រោយមកប្តូរឈ្មោះជាផ្លូវការថាជា Boeing 747-8 វិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៥ ជាមួយនឹងការរចនាស្រដៀងគ្នាទៅនឹង​ Boeing 787 Dreamliner ដែរ។

តួយន្តហោះ Boeing 747-8 មានប្រវែងទទឹង ១៨ ហ្វីត (ឬស្មើ ៥,៥ ម៉ែត្រ) និងមានប្រវែងបណ្តោយសរុប ២៥០ ហ្វីត (ឬស្មើ ៧៦ ម៉ែត្រ) ដែលធ្វើឲ្យវាក្លាយជាយន្តហោះដែលមានតួខ្លួនវែងបំផុតមិនធ្លាប់មានរបស់ Boeing រហូតដល់មានការបង្ហាញខ្លួនដំបូងរបស់យន្តហោះ Boeing 777X ក្នុងឆ្នាំ២០២០។

Boeing 747-8 ត្រូវបានបំពាក់ដោយម៉ាស៊ីន General Electric GEnx turbofan ដែលមានប្រសិទ្ធភាព និងតូចជាងមុន ខុសពីម៉ាស៊ីនរបស់ 787 Dreamliner ។ ជាលទ្ធផល ទម្ងន់ហោះឡើងអតិបរមា (MTOW) របស់ Boeing 747-8 បានកើនឡើងដល់ ៤៤២ តោន ដែលធ្វើឲ្យយន្តហោះប្រភេទនេះ ក្លាយជាយន្តហោះមានទម្ងន់ធ្ងន់បំផុតមិនធ្លាប់មានរបស់ Boeing ។

Boeing 747-8 អាចមានសមត្ថភាពផ្ទុកអ្នកដំណើរសរុបចំនួន ៤៦៧ នាក់ ឬផ្ទុកទំនិញរហូតដល់ ១៤០ តោន ជាមួយការហោះហើរបានឆ្ងាយបំផុតដល់ ៤ ១២០ ម៉ាយ ឬស្មើទៅនឹង ៧ ៦៣០ គីឡូម៉ែត្រ។ ហើយយ៉ាងណាមិញ ក្នុងចំណោម Boeing 747-8 ដែលបានផលិតសរុប ១៥៥ គ្រឿង ក្នុងនោះ ១០៧ គ្រឿង ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ និង ៤៨ គ្រឿងផ្សេងទៀត ប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ។

ជម្រាបជូនផងដែរថា យន្តហោះ Boeing 747-8 ហាក់ទទួលបានការចាប់អារម្មណ៍ និងត្រូវបានយកទៅប្រើប្រាស់ច្រើន ជាពិសេសពីសំណាក់ដឹកនាំកំពូលៗ រួមទាំងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ៕