ជប៉ុន ប្រកាសអាសន្នក្រោយរលកយក្សស៊ូណាមិ ហក់ឡើងដល់កម្ពស់ ១,៣ ម៉ែត្រ

អន្តរជាតិ

រដ្ឋាភិបាលប្រទេសជប៉ុន បានប្រកាសថា ពលរដ្ឋនៅទីប្រជុំជន ភូមិ និងកម្មករនៅរោងចក្រនុយក្លេអ៊ែរ ត្រូវបានជម្លៀសចេញ ស្របពេលអាកាសយានដ្ឋានមួយចំនួនត្រូវបានបិទ បន្ទាប់ពីប្រទេសនេះ កំពុងស្ថិតនៅក្រោមការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយ នៅភាគខាងកើតនៃប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ទៀតថា ប្រទេសមួយចំនួន បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការមកដល់នៃរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៨,៧ រិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រនៃឧបទ្វីប Kamchatka ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ១ ៥០០ គីឡូម៉ែត្រ ពីកោះហុកកៃដូ ប្រទេសជប៉ុន។

យ៉ាងណាមិញ នៅរសៀលថ្ងៃពុធនេះ នៅប្រទេសជប៉ុន រលកដ៏ធំបំផុតមួយ ត្រូវបានគេរាយការណ៍ថាបានកើនឡើងដល់កម្ពស់ ១,៣ ម៉ែត្រហើយ នៅកំពង់ផែ Kuji ភាគឦសាន​ប្រទេស​ជប៉ុន ដែលជាកម្រិតប្រកាសអាសន្នមួយ។

មិនតែប៉ុណ្ណោះ អាជ្ញាធរជប៉ុន បាននិយាយទៀតថា រលកអាចឡើងដល់កម្ពស់ ៣ ម៉ែត្រ ហើយបានព្រមានអ្នកស្រុកថា ការព្រមានអំពីរលកយក្សស៊ូណាមិ អាចនឹងស្ថិតនៅក្នុងរយ:ពេល ២៤ម៉ោង បន្ទាប់។

ជម្រាបជូនផងដែរថា បើយោងតាមសារព័ត៌មានធំៗជាច្រើន បានរាយការណ៍ថា រលកយក្សស៊ូណាមិ ក៏ត្រូវបានគេសង្កេតឃើញនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃរដ្ឋអាឡាស្តា សហរដ្ឋអាមេរិក ផងដែរ៕​