យោងតាមប្រភពជិតស្និទ្ធិមួយបានបង្ហាញឲ្យដឹងថា បុគ្គលិក និងអតីតបុគ្គលិករបស់ OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT កំពុងស្វែងរកការលក់ភាគហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារ ទៅឲ្យក្រុមវិនិយោគិន ក្នុងនោះរួមទាំងធនាគារ SoftBank Group និង Thrive Capital។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការលក់ភាគហ៊ុននេះ អាចនឹងធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនកើនឡើងពី ៣០០ពាន់លានដុល្លារ ដល់ ៥០០ពាន់លានដុល្លារ ដែលជាសញ្ញាមួយបញ្ជាក់ពីកំណើនយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់ និងប្រាក់ចំណូលរបស់ OpenAI ក៏ដូចជាការប្រកួតប្រជែងខ្លាំង ក្នុងចំណោមក្រុមហ៊ុនបញ្ញាសិប្បនិម្មិត។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនេះ បានកើតឡើងចំពេល កំពុងមានការជំរុញដោយកម្មវិធី AI ChatGPT ដ៏ល្បីរបស់ខ្លួន ដែលធ្វើឲ្យ OpenAI បានបង្កើនប្រាក់ចំណូលទ្វេដងក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ដោយឈានដល់ចំនួន ១២ពាន់លានដុល្លារ ហើយរំពឹងអាចបន្តឈានដល់ ២០ពាន់លានដុល្លារ ផងដែរ នៅចុងឆ្នាំនេះ។
ជម្រាបជូនថា OpenAI ដែលគាំទ្រដោយ Microsoft មានអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ប្រហែល ៧០០ លាននាក់សម្រាប់កម្មវិធី ChatGPT របស់ខ្លួន ដែលកើនឡើងពីប្រហែល ៤០០ លាននាក់ ក្នុងខែកុម្ភៈ៕

