ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាលើការយកពន្ធបន្ថែមពីប្រទេសអេស្ប៉ាញ បន្ទាប់ពីពួកគេមិនអាចបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិដែលស្មើទៅនឹង ៥% នៃ GDP ដូចដែលបានស្នើឡើងបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅសេតវិមាន កាលពីថ្ងទី១៤ ខែតុលា លោក ត្រាំ បាននិយាយថា៖” ខ្ញុំមិនសប្បាយចិត្តជាខ្លាំង ជាមួយប្រទេសអេស្ប៉ាញ។ ពូួកគេគឺជាប្រទេសតែមួយគត់ដែលមិនអាចបង្កើនថវិកាចំណាយលើវិស័យការពារជាតិ ដល់ ៥% នៃ GDP បាន។ ស្របពេលប្រទេសនីមួយនៅអង្គការណាតូ បានបង្កើនថវិការបស់ពួកគេរួចរាល់អស់ហើយ”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា អេស៉្បាញកំពុងទាញយកអត្ថប្រយោជន៍ពីទីតាំងភូមិសាស្រ្តអំណោយផលរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ដែលផ្តល់ឱ្យពួកគេនូវការការពារដោយធម្មជាតិ ពោលគឺមិនចាំបាច់គិតពីការចូលរួមចំណែករបស់អង្គការណាតូនោះឡើយ។
ហើយយ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបណ្តេញអេស្ប៉ាញចេញពីអង្គការណាតូ លោក ត្រាំ ហាក់មិនបានបញ្ជាក់ដោយផ្ទាល់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើផលវិបាកសេដ្ឋកិច្ចដែលប្រទេសនេះ អាចនឹងប្រឈមមុខ។
លោក ត្រាំ បានបន្តទៀតថា៖ “ខ្ញុំគិតថាវាជាការមិនគោរពចំពោះអង្គការណាតូ។ ខ្ញុំពិតជាបានពិចារណាក្នុងការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសអេស្ប៉ាញក្នុងទម្រង់នៃពន្ធដារ ដោយសារតែអ្វីដែលពួកគេបានធ្វើ។ ខ្ញុំអាចធ្វើវាបាន។ ពួកគេគួរតែត្រូវបានដាក់ទណ្ឌកម្ម”៕

