ប្រមុខការទូតចិន និយាយថាជប៉ុនកំពុងដើរឆ្លងហួសខ្សែបន្ទាត់ក្រហមហើយ ជុំវិញបញ្ហាកោះតៃវ៉ាន់

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីពេលថ្មីៗនេះបានលើកឡើងថា ជប៉ុនកំពុងដើរឆ្លងកាត់ខ្សែបន្ទាត់ក្រហមដែលមិនគួរឆ្លង ជុំវិញអ្វីដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងទៅលើបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Wang Yi បាននិយាយថា មេដឹកនាំជប៉ុនថ្មីដែលកំពុងកាន់តំណែង បាននិយាយជាសាធារណៈអំពីលទ្ធភាពនៃការអន្តរាគមន៍យោធា នៅក្នុងបញ្ហាកោះតៃវ៉ាន់ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរណាស់ និងដើរឆ្លងហួសខ្សែបន្ទាត់ក្រហមដែលមិនអាចប៉ះពាល់បាន។

មិនតែប៉ុណ្ណោះ លោក Wang Yi បានបន្ថែមទៀតថា ៖”​ ចិនត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត មិនត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមិទ្ធផលក្រោយសង្គ្រាមដែលខ្លួនទទួលបានដោយលំបាកបំផុត ដែលប្តូរដោយឈាមស្រស់ និងការលះបង់”។

គួរឲ្យដឹងផងដែរថា ជុំវិញការលើកឡើងរបស់ប្រមុខការទូតចិនបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយរដ្ឋមន្ត្រីជប៉ុន លោក ស្រី Takaichi បានធ្វើការអត្ថាធិប្បាយជាសាធារណៈ ដោយព្រមានថា ជប៉ុនអាចចាត់វិធានការយោធា ក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់។

ជម្រាបជូនថា ចាប់តាំងពីពេលនោះមក ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នេះ ហើយបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនមកតវ៉ា។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងក៏បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងបានស្នើសុំឲ្យនិស្សិតចិនពិចារណាឡើងវិញអំពីការសិក្សានៅទីនោះ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព៕​