ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងកាលពីថ្ងៃទី២១ ខែមករាថា ទីក្រុងមូស្គូ កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមជាសមាជិកនៅក្នុងក្រុមប្រឹក្សាសន្តិភាព ដែលជាស្ថាប័នមួយមានគោលបំណងដោះស្រាយជម្លោះសកលធំៗ រួមទាំងវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន រៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT បានបង្ហាញឲ្យដឹងទៀថា ដោយថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងមានឆន្ទៈក្នុងការបង់ទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ ក្នុងការក្លាយជាសាមាជិករបស់ក្រុមប្រឹក្សាសន្តិភាពនេះ ប៉ុន្តែត្រូវតែប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កកនៅសហរដ្ឋអាមេរិក។
យោងតាមលោក ពូទីន រុស្ស៊ីអាចផ្តល់ប្រាក់ភ្លាមៗ សូម្បីតែមុនពេលធ្វើការសម្រេចចិត្តចុងក្រោយលើការចូលរួមក្រុមប្រឹក្សាជាផ្លូវការក៏ដោយ។ លោកបានមានប្រសាសន៍ទៀតថា ៖”យើងអាចផ្តល់ប្រាក់មួយពាន់លានដុល្លារឥឡូវនេះ សូម្បីតែមុនពេលយើងសម្រេចចិត្តថាតើយើងនឹងចូលរួមជាសមាជិករបស់ក្រុមប្រឹក្សាសន្តិភាពឬអត់ ដោយបន្ថែមថា មូលនិធិទាំងនោះគឺត្រូវតែទទួលបានពីទ្រព្យសម្បត្តិដែលត្រូវបានបង្កកដោយរដ្ឋបាលអាមេរិកមុនៗ។
ជម្រាបជូនថា លោក ត្រាំ បានបញ្ជាក់ពីមុនថា លោក ពូទីន គឺជាម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកជាច្រើនដែលត្រូវបានអញ្ជើញឲ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលជាផ្នែកមួយនៃដំណាក់កាលទីពីរនៃផែនការសន្តិភាព ២០ ចំណុចដ៏ទូលំទូលាយដែលមានគោលបំណងបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា៕

