បុរសជនជាតិចិនម្នាក់ ទាញយកមាសចេញពីគ្រឿងអេឡិចត្រូនិកចាស់ៗ កំពុងល្បីពេញបណ្តាញសង្គម

អន្តរជាតិ

វីដេអូរបស់បុរសម្នាក់នៅខេត្តក្វាងទុងប្រទេសចិន ដែលបានទាញយកមាសទម្ងន់រហូតដល់ ១៩១ ក្រាម នៅក្នុងកាកសំណល់គ្រឿងអេឡិចត្រូនិកចាស់ៗ កំពុងទាក់ទាញការចូលមើលរហូតដល់ទៅរាប់លានដង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក A Kieu ដែលជាអ្នកចម្រាញ់ដែកអេតចាយម្នាក់នៅក្នុងទីក្រុង Huizhou ខេត្តក្វាងទុង បានបង្ហោះវីដេអូមួយកាលពីខែមុន ដែលបង្ហាញពីដំណើរការនៃការទាញយកមាសចេញពីសណល់គ្រឿងអេឡិចត្រូនិកចាស់ៗ។ នៅក្នុងវីដេអូនោះ លោក A Kieu បានចាក់ស៊ីមកាត និងគ្រឿងបន្លាស់អេឡិចត្រូនិចដែលប្រើរួចចូលទៅក្នុងធុងសារធាតុគីមី ដោយប្រើប្រតិកម្មគីមីដើម្បីបំបែកមាសចេញពីសំណល់អេតចាយទាំងនោះ។

បន្ទាប់ពីការរច្រោះ និងរលាយល្បាយនោះ បុរសជនជាតិចិនខាងលើ ទទួលបានដុំមាសទម្ងន់ ១៩១ ក្រាម ដែលមានតម្លៃជិត ២០ម៉ឺនយ៉ន់ (២៩ ០០០ដុល្លារ) ឯណោះ។ វីដេអូនេះបានល្បីពាសពេញបណ្ដាញសង្គមចិន និងទាក់ទាញអ្នកចូលមើលសរុបជាង ៥ លានដងរហូតមកដល់បច្ចុប្បន្ន ចំពេលតម្លៃមាសកំពុងកើនឡើង។

យ៉ាងណាមិញ លោក A Kieuបាននិយាយថា លោកបានប្រើដែកអេតចាយជិតពីរតោន ដើម្បីទាញយកមាសនេះ ភាគច្រើនជាបន្ទះឈីបពីឧស្សាហកម្មទូរគមនាគមន៍ ក៏ដូចជាស៊ីមកាតដែលបោះចោលផងដែរ។ លោកបានពន្យល់ថា ផ្នែកសំខាន់ៗនៃស៊ីមកាតត្រូវបានស្រោបដោយមាស ដើម្បីធានាបាននូវស្ថេរភាព និងភាពធន់នឹងការច្រេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ស៊ីមកាតស្តង់ដារជាធម្មតាមានមាសតិចជាង ០,០០១ ក្រាម។ សម្ភារៈកាកសំណល់ដែលមានមាសផ្សេងទៀត ដូចជាបន្ទះឈីបកាតធនាគារ និងគ្រឿងបន្លាស់ទំនាក់ទំនងពីឧបករណ៍ទំនាក់ទំនង ក៏អាចកែច្នៃឡើងវិញបានដែរ៕​