លោក ត្រាំ ប្រកាសថាជប៉ុននឹងវិនិយោគ ៣៦ពាន់លានដុល្លារ ក្នុងវិស័យសំខាន់ៗជាច្រើននៅអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានប្រកាសថាប្រទេសជប៉ុន នឹងវិនិយោគនៅវិស័យថាមពល និងរ៉ែសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃគម្រោងវិនិយោគដំបូងស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី មុនពេលមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស្រី Sanae Takaichi នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការប្តេជ្ញាចិត្តចំពោះការវិនិយោគនេះ មានចំនួនទឹកប្រាក់រហូតដល់ទៅ ៣៦ពាន់លានដុល្លារ។

ក្រសួងបាននិយាយបន្ថែមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គម្រោងដែលជប៉ុនគ្រោងបោះទុននៅអាមេរិកនេះ រួមមានរោងចក្រឧស្ម័នធម្មជាតិនៅរដ្ឋ Ohio , រោងចក្រនាំចេញប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិក និងរោងចក្រផលិតគ្រាប់ពេជ្រសំយោគ ផងដែរ។

ជម្រាបជូនថា គម្រោងទាំងនេះត្រូវបានចាត់ទុកថាជាការវិនិយោគដំណាក់កាលដំបូងរបស់ជប៉ុន បន្ទាប់ពីសេតវិមាន កាលពីខែកក្កដា ឆ្នាំមុន បានប្រកាសថា ទីក្រុងតូក្យូ បានយល់ព្រមបោះទុនវិនិយោគសរុប ៥៥០ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៩ ដើម្បីកសាងឡើងវិញ និងពង្រីកឧស្សាហកម្មស្នូលរបស់អាមេរិក៕​