លោក ត្រាំ​ ប្រកាសថាតម្លៃប្រេងសាំងនៅអាមេរិក នៅតែបន្តឡើងថ្លៃ រហូតដល់ខែវិច្ឆិកា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក អាចនៅតែមានតម្លៃខ្ពស់រហូតដល់ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកា ត្រូវបានធ្វើឡើង ប៉ុន្តែក្នុងនោះលោកបានបង្ហាញការជឿជាក់ថាជម្លោះអ៊ីរ៉ង់ នឹងមិនមានរយៈពេលយូរទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅថ្ងៃទី១២ ខែមេសា ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន FOX News លោកស្រី Maria Bartiromoជុំវិញថាតើតម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិក អាចធ្លាក់ចុះមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឬអត់។

លោក ត្រាំ បាននិយាយទៀតផងដែរថា សង្គ្រាមអ៊ីរ៉ង់ នឹងមិនមានរយៈពេលយូរទៀតទេ ​ដោយសារតែសមត្ថភាពប្រយុទ្ធរបស់ពួកគេត្រូវបានអាមេរិកកម្ទេចចោលអស់ហើយ។

ប៉ុន្តែទន្ទឹមនឹងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ នៅតែទទួលស្គាល់ថា តម្លៃប្រេងសាំងទំនងជាមិនធ្លាក់ចុះទេ ចាប់តាំងពីលោកបានបញ្ជាឱ្យវាយប្រហារអ៊ីរ៉ង់កាលពីប្រាំមួយសប្តាហ៍មុន។

ជម្លោះនេះបានរំខានដល់ទីផ្សារថាមពលសកល ដែលបណ្តាលឱ្យតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំងប្រហែល ៥០% និងប៉ះពាល់ដល់តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកយ៉ាងខ្លាំង ទោះបីជាប្រទេសនេះមិនបាននាំចូលប្រេងតាមរយៈច្រកសមុទ្រ Hormuz ក៏ដោយ។

ជម្រាបជូនថានៅមុននេះមួយថ្ងៃ លោក ត្រាំ បានប្រកាសបញ្ជាឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបិទច្រកសមុទ្រ Hormuz បន្ទាប់ពីគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់ការចរចានៅក្នុងប្រទេសប៉ាគីស្ថានដោយមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយនោះឡើយ៕​