លោក ត្រាំ ថាអ៊ីរ៉ង់មិនគួរយកច្រកសមុទ្រ Hormuz មកគំរាមកំហែងអាមេរិកនោះឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនគួរគំរាមកំហែង សហរដ្ឋអាមេរិកដោយការផ្លាស់ប្តូរជំហររបស់ខ្លួនជានិច្ចលើច្រកសមុទ្រ Hormuz នោះទេ ប៉ុន្តែបានបន្ថែមថា ភាគីទាំងពីរកំពុងស្ថិតក្នុងការសន្ទនាហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval នៅថ្ងៃទី១៨ ខែមេសាថា៖”យើងកំពុងនិយាយជាមួយពួកគេ។ ពួកគេចង់បិទច្រកសមុទ្រម្តងទៀត។ ប៉ុន្តែដូចដែលអ្នកដឹងហើយ ពួកគេបានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេមិនអាចគំរាមកំហែងយើងបានទៀតទេ”។

ជុំវិញការលើកឡើងរបស់មេដឹកនាំសហរដ្ឋអាមេរិករូបនេះ​បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី១៨ ខែមេសាថា ខ្លួនកំពុងដាក់ចេញនូវការរឹតបន្តឹងឡើងវិញនៅក្នុងច្រកសមុទ្រ Hormuz ដោយបញ្ច្រាសពីការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃមុនដើម្បីបើកដំណើរការឲ្យនាវាពាណិជ្ជកម្មទាំងស្រុង។

ជម្រាបជូនថា ការចរចាកាលពេលថ្មីៗនេះ ដើម្បីបញ្ចប់ជម្លោះបានទទួលការបរាជ័យ ដោយសារតែភាគីអាមេរិកបានដាក់ចេញនូវការទាមទារបន្ថែមដែលអ៊ីរ៉ង់បានបដិសេធ ដោយអះអាងថា ទីក្រុងតេអេរ៉ង់នឹងមិនសម្របសម្រួលលើជំហរស្នូលរបស់ខ្លួនឡើយ។ ដូច្នេះ ការចរចាបន្ថែមទៀតត្រូវបានពន្យារពេលរហូតដល់ទីក្រុងវ៉ាស៊ីនតោនបានកែសម្រួលជំហររបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីការពិតនៅលើសមរភូមិ៕​