លោក ត្រាំ ប្រកាសថាសង្គ្រាមជាមួយអ៊ីរ៉ង់ គឺត្រូវបានបញ្ចប់ហើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ហើយ ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសនេះ កាលពីចុងខែកុម្ភៈមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានសភា លោក Mike Johnson និងប្រធានព្រឹទ្ធសភាស្តីទី លោក Chuck Grassley កាលពីថ្ងៃទី១ ខែឧសភា លោក ត្រាំ បានលើកឡើងថា​៖”​ មិនមានការប្រយុទ្ធគ្នារវាងកងកម្លាំងអាមេរិក និងអ៊ីរ៉ង់ទៀតនោះទេ ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មក។ ជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺត្រូវបានបញ្ចប់ហើយ”។

នៅក្នុងលិខិតដដែលនោះ លោក ត្រាំ ក៏បានទទួលស្គាល់ទៀតថាជម្លោះនេះ ប្រហែលជាមិនត្រូវបានដោះស្រាយទៅបានដោយពេញលេញនោះទេ ដោយសារតែអ៊ីរ៉ង់នៅតែជាការគំរាមកំហែងដ៏សំខាន់ ចំពោះប្រទេស និងយោធាអាមេរិក។

គួរឲ្យដឹងថា លិខិតនេះត្រូវបានផ្ញើនៅពេលដែលថ្ងៃផុតកំណត់សម្រាប់ប្រធានាធិបតីអាមេរិកក្នុងការចាប់ផ្តើមប្រតិបត្តិការយោធាដោយឯកតោភាគីដោយគ្មានការយល់ព្រមពីសភាកំពុងខិតជិតមកដល់។ លោក ត្រាំ បានជូនដំណឹងដល់សភាអំពីជម្លោះជាមួយអ៊ីរ៉ង់ប្រហែល ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារតាមអាកាសលើកដំបូងរបស់សហរដ្ឋអាមេរិក ដោយនេះមានន័យថារយៈពេល ៦០ថ្ងៃការវាយប្រហារត្រូវបានបញ្ចប់ នៅត្រឹមថ្ងៃទី១ ខែឧសភា។

ជម្រាបជូនទៀតថា នៅក្រោមច្បាប់អំណាចសង្គ្រាមឆ្នាំ១៩៧៣ ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការយោធារយៈពេល ៦០ថ្ងៃដោយមិនចាំបាច់មានការយល់ព្រមពីសភា។ បន្ទាប់ពីរយៈពេលនេះ សេតវិមានត្រូវតែបញ្ចប់ប្រតិបត្តិការ ឬស្វែងរកការអនុញ្ញាតពីសភាដើម្បីបន្តវា។ ប្រធានាធិបតីក៏អាចស្នើសុំការពន្យារពេល ៣០ថ្ងៃផងដែរ ប្រសិនបើដំណើរការដកទ័ពត្រូវការពេលវេលាបន្ថែម ដើម្បីធានាសុវត្ថិភាពរបស់ទាហានអាមេរិក៕​