អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាមេរិក ប៉ុន្តែបានអះអាងថា សមាជិកអឺរ៉ុបនៃអង្គការណាតូនៅតែអាចធានាបាននូវសមត្ថភាពជួយខ្លួនឯងបាន ដោយពុំចាំបាច់ត្រូវការជំនួយពីនរណាទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន ARD កាលពីថ្ងៃ៣ ខែឧសភា លោក Merz បាននិយាយថា អល្លឺម៉ង់ នឹងបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងអន្តរអាត្លង់ទិកនោះទេ ហើយក៏នឹងមិនបោះបង់ចោលកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។
មេដឹកនាំកំពូលរបស់អាល្លឺម៉ង់រូបនេះ ថែមទាំងបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក នៅតែជាដៃគូសំខាន់បំផុតរបស់អាល្លឺម៉ង់ នៅក្នុងអង្គការណាតូ ហើយវានៅតែមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ប៉ុន្តែបានសម្តែងទំនុកចិត្តថា ប្រទេសជាសមាជិកអង្គការណាតូអឺរ៉ុបនៅតែអាចរក្សាសមត្ថភាពទប់ស្កាត់របស់ពួកគេបាន ទោះបីជាគ្មានអាវុធ ឬការគាំទ្រពីកងកម្លាំងអាមេរិកក៏ដោយ។
ទន្ទឹមនឹងនេះ លោក Merz ក៏បានព្យាយាមបន្ថយភាពតានតឹងនាពេលថ្មីៗ នៅក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងការសម្រេចចិត្តដកកងទ័ពអាមេរិកចំនួន ៥ ០០០ នាក់ ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ផងដែរ។
លោកបានមានប្រសាសន៍ថា ការដកទ័ពចេញនេះមិនមែនជារឿងដែលមិននឹកស្មានដល់ទេ ហើយមិនគួរត្រូវបានចាត់ទុកថាជាការសងសឹកពីលោកប្រធានាធិបតី ត្រាំ ដែរ ព្រោះផែនការនេះត្រូវបានពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនជាមុន ហើយប្រហែលជាត្រូវបានគេយកទៅបំផ្លើសនៅពេលនេះ។
ជម្រាបជូនថា ភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរបានកើនឡើងបន្ទាប់ពីលោក Merz និងមេដឹកនាំអឺរ៉ុបមួយចំនួនបានរិះគន់យ៉ាងខ្លាំងទៅលើយុទ្ធនាការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់៕

