សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់អ៊ីរ៉ង់ Nobitex ដោយចោទប្រកាន់ពួកគេថាជាអ្នកអនុញ្ញាតឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ និងស្ថាប័នរដ្ឋដែលជាប់ក្នុងបញ្ជីខ្មៅ អាចគេចវេសពីទណ្ឌកម្មរបស់លោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញទណ្ឌកម្មថ្មីនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតនៅថ្ងៃទី១ មិថុនា ដែលបង្ហាញពីរបៀបដែល Nobitex បានក្លាយជាចំណុចកណ្តាលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របគ្នាដែលប្រើដើម្បីដំណើរការប្រាក់រាប់រយលានដុល្លារសម្រាប់ធនាគារកណ្តាលអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម។
របាយការណ៍នេះ ក៏បានបង្ហាញពីរបៀបដែលវេទិកា Nobitex នៅតែអាចបន្តដំណើរការបាន សូម្បីតែបន្ទាប់ពីការបិទអ៊ីនធឺណិត ដោយផ្តល់ឲ្យរដ្ឋាភិបាលនូវដំណើរការប្រតិបត្តិការផ្ទេរលុយរាប់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ខណៈពេលដែលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កំពុងធ្លាក់ចុះ ពួកគេបានងាកទៅជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាទ្រព្យសកម្មឌីជីថលសម្រាប់របៀបវារៈពុករលួយរបស់ខ្លួន រួមទាំងការគេចវេសពីទណ្ឌកម្ម និងការផ្ទេរទ្រព្យសម្បត្តិចេញពីប្រទេស”។
បើតាមការស៊ើបអង្កេតបានបង្ហាញឲ្យដឹងទៀតថា Nobitex ត្រូវបានគ្រប់គ្រងដោយបងប្អូនពីរនាក់មកពីគ្រួសារដ៏មានឥទ្ធិពលបំផុតមួយរបស់អ៊ីរ៉ង់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំកំពូលថ្មី។
ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានប្រកាសនៅថ្ងៃដដែលនោះថា បងប្អូនប្រុសពីរនាក់ដែលគ្រប់គ្រង Nobitex គឺលោក Seyed Mohammad Ali Aghamir Mohammad Ali និងលោក Seyed Mohammad Aghamir Mohammad Ali ក៏ត្រូវបានដាក់ទណ្ឌកម្មជាលក្ខណៈបុគ្គលផងដែរ រួមជាមួយនឹងនាយកប្រតិបត្តិនៃផ្សារហ៊ុនអ៊ីរ៉ង់លោក Amir Hossein Rad ៕

