ក្រសួងថាមពលសហដ្ឋអាមេរិក (DOE) បានប្រកាសបញ្ចេញកញ្ចប់ប្រាក់កម្ចីមានលក្ខខណ្ឌចំនួន ១៧,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គោលដៅនៃការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួន១០ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ប្រាក់កម្ចីចំនួន ១៧,៥ពាន់លានដុល្លារនេះ នឹងត្រូវបែងចែកជាប្រាំ ដោយប្រាក់កម្ចីនីមួយៗនឹងផ្តល់ហិរញ្ញប្បទានដល់ការសាងសង់រ៉េអាក់ទ័រចំនួនពីរដែលមានកម្លាំង ១,១ ជីហ្គាវ៉ាត់នៅទីតាំងនីមួយៗ។
មិនតែប៉ុណ្ណោះ កញ្ចប់ប្រាក់កម្ចីនេះមានគោលបំណងអនុវត្តកិច្ចព្រមព្រៀងចំនួន ៨០ពាន់លានដុល្លាររបស់ DOE ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ Westinghouse Electric។ ក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយក្នុងការរៀបចំហិរញ្ញប្បទាន និងពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណសម្រាប់គម្រោងរ៉េអាក់ទ័រ Westinghouse ជាថ្នូរនឹងប្រាក់ចំណេញនាពេលអនាគតចំនួន ២០%។
គួរឲ្យដឹងផងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានព្យាយាមយ៉ាងខ្លាំងដើម្បីទាក់ទាញការវិនិយោគ ដោយសារតែគម្រោងដែលត្រូវការ តម្រូវឲ្យមានការវិនិយោគដើមទុនច្រើន ហើយជារឿយៗជួបប្រទះនឹងការចំណាយលើសកម្រិត និងពាក់ព័ន្ធនឹងនីតិវិធីច្បាប់ស្មុគស្មាញ។
យ៉ាងណាមិញ លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក រំពឹងថាកញ្ចប់ប្រាក់កម្ចីរបស់រដ្ឋាភិបាលនេះ នឹងជួយសហរដ្ឋអាមេរិក សម្រេចគោលដៅរបស់ខ្លួនក្នុងការចាប់ផ្តើមសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរទ្រង់ទ្រាយធំថ្មីៗចំនួន១០ មុនឆ្នាំ២០៣០៕

