វៀតណាម កើបលុយពីប្រទេសចិនបានជាងកន្លះពាន់លានដុល្លារ ពីការនាំចេញបង្កង

អន្តរជាតិ

ប្រទេសចិន បានចំណាយទឹកប្រាក់ជាង ៥០៦លានដុល្លារ ក្នុងការនាំចូលបង្កង Lobster ពីវៀតណាម ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដែលជាការកើនឡើង ៤៤,៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិពី សមាគមកែច្នៃ និងនាំចេញអាហារសមុទ្រវៀតណាម (VASEP) បានបង្ហាញឲ្យដឹងថា តម្លៃនាំចេញបង្កងស្ទើរតែទាំងអស់ទៅកាន់ទីផ្សារចិន គឺបានមកពីបង្កងបៃតង ឬ Green Lobster ដែលឈានដល់ចំនួនប្រហែល ៥០៤លានដុល្លារ ដែលស្មើនឹងជាង ៩៩,៥%។ ទន្ទឹមនឹងនេះ បង្កងប្រភេទផ្សេងទៀតបានឈានដល់ត្រឹមតែប្រហែល ២,៤លានដុល្លារប៉ុណ្ណោះ ទោះបីជាមានការកើនឡើង ៣៤៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក៏ដោយ។

គួរឲ្យដឹងថា តម្រូវការនាំចូលបង្កងរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះមក។ នៅក្នុងខែកុម្ភៈវៀតណាម បានកត់ត្រាកម្រិតខ្ពស់បំផុតរបស់ខ្លួន ក្នុងចំនួនប្រហែល ១៥៤លានដុល្លារ ដែលជាការកើនឡើងជាង ១៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ខែបន្តបន្ទាប់រក្សាកម្រិតនាំចេញក្នុងតម្លៃ ៧៨-៨៧លានដុល្លារ។ ខែឧសភាតែមួយបានឈានដល់ ៧៨,៤លានដុល្លារ ដែលជាការកើនឡើងជាង ២១% និងបានបង្ហាញពីអំណាចនៃការទិញពីទីផ្សារនេះកាន់តែរឹងមាំ។

មិនតែប៉ុណ្ណោះ VASEP បានបង្ហាញទៀតថា ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចូលបង្កង ដោយសារតែតម្រូវការអាហារសមុទ្ររស់មានស្ថិរភាព ជាពិសេសនៅក្នុងផ្នែកលំដាប់ខ្ពស់សម្រាប់ភោជនីយដ្ឋាន ពិធីជប់លៀង និងធ្វើជាអំណោយ៕​