ថ្មីទៀតហើយ! លោក ត្រាំ បង្ហោះរូបផែនទីច្រកសមុទ្រ Hormuz ហើយដាក់ចំណងជើងថា ‘ទឹកដីអាមេរិកថ្មី’

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៨ ខែសីហា បានបង្ហោះរូបភាពផែនទីនៃច្រកសមុទ្រ Hormuz ជាមួយនឹងចំណងជើងថា ‘ទឹកដីអាមេរិកថ្មី’ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារជាបន្តបន្ទាប់ លោក ត្រាំ ថែមទាំងបាននិយាយទៀតថា គ្មានការចរចាណាមួយជាមួយអ៊ីរ៉ង់កំពុងដំណើរការ ឬកំណត់ពេលច្បាស់លាស់នោះទេ ហើយសហរដ្ឋអាមេរិក នៅតែបន្តអនុវត្តការបិទផ្លូវសមុទ្ររបស់ខ្លួនយ៉ាងពេញលេញប្រឆាំងនឹងប្រទេសនេះដដែលនេះ។

យ៉ាងណាមិញជុំវិញការបង្ហោះទាំងនេះ ត្រូបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានបំផុសគំនិតថា ការដាក់ច្រកសមុទ្រ Hormuz ជាទឹកដីអាមេរិក នឹងក្លាយជាគំនិតដ៏អស្ចារ្យមួយ។

ច្រកសមុទ្រ Hormuz ដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ មានប្រវែង ១៦១ គីឡូម៉ែត្រ ដោយចំណុចតូចចង្អៀតបំផុតរបស់វាមានទទឹង ៣៣ គីឡូម៉ែត្រ ច្រកសមុទ្រនេះត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។

គួរជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅពាក់កណ្តាលខែមិថុនា ដែលរួមបញ្ចូលបទប្បញ្ញត្តិដើម្បីស្តារសកម្មភាពសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការមិនចុះសម្រុងគ្នាលើការកិច្ចចរចាបន្តបន្ទាប់ បាននាំឱ្យមានការដួលរលំនៃបទឈប់បាញ់នេះវិញ៕​