លោក ត្រាំ ថាកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ដោយសារតែលោក គីម ជុងអ៊ុន គឺជាមិត្តរបស់លោក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថាការកាន់កាប់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសារតែលោកចាត់ទុកមេដឹកនាំ គីម ជុងអ៊ុន គឺជាមិត្ត ពោលគឺមិនដូចគ្នាទៅនឹងករណីរបស់ប្រទេសអ៊ីរ៉ង់នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsweek។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅសេតវិមាន នៅថ្ងៃទី២៩ ខែកញ្ញា លោក ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែបែរជាអនុញ្ញាតឲ្យកូរ៉េខាងជើងកាន់កាប់អាវុធនុយក្លេអ៊ែរទៅវិញ។

ប្រធានាធិបតីអាមេរិករូបនេះ​បានឆ្លើយតបថា ៖”នោះជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ។ នោះគឺដោយសារតែ កូរ៉េខាងជើងមានមេដឹកនាំ គីម ជុងអ៊ុន។ គាត់គឺជាមិត្តរបស់ខ្ញុំ។ គាត់ចូលចិត្ត ដូណាល់ ត្រាំ ហើយខ្ញុំក៏ចូលចិត្តគាត់ដែរ”។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយទៀតថា អតីតប្រធានាធិបតីអាមេរិកមុនៗមានឱកាសក្នុងការរារាំងកូរ៉េខាងជើងមិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានបរាជ័យក្នុងការចាត់វិធានការបែបនេះ។ លោកបានបន្ថែមថា កូរ៉េខាងជើងបានអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរយ៉ាងសំខាន់ បើទោះបីជាវានៅមានទំហំតូចបើប្រៀបធៀបនឹងអាមេរិកក៏ដោយ។

ទន្ទឹមនឹងនេះ​លោក ត្រាំ ក៏បានគូសបញ្ជាក់ជាច្រើនដងអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរឡើងវិញផងដែរ។ កាលពីខែសីហា លោក ត្រាំ បានសម្តែងក្តីសង្ឃឹមថានឹងបានជួបលោក គីម ម្តងទៀតនៅក្នុងឆ្នាំនេះ ប៉ុន្តែខាងទីក្រុងព្យុងយ៉ាងមិនទាន់ឆ្លើយតបនៅឡើយទេ៕​