អាមេរិកព្រមានចិន បញ្ឈប់គំនិតផ្គត់ផ្គង់សព្វាវុធទៅកាន់រុស្ស៊ី

អន្តរជាតិ

ខ្វះតែប៉ុន្មានថ្ងៃទៀត សង្គ្រាមរវាងមហាអំណាចរុស្ស៊ី និងប្រទេសអ៊ុយក្រែន នឹងអូសបន្លាយដល់រយៈពេលមួយឆ្នាំ ខណៈស្ថានការណ៍បច្ចុប្បន្ននៃប្រទេសទាំង ២ កំពុងមានសភាពយ៉ាប់យ៉ឺនរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលអ៊ុយក្រែន​កំពុងអំពាវនាសុំជំនួយសព្វាវុធពីអឺរ៉ុប និងលោកខាងលិច ក៏មានក្ដីបារម្ភថាសម្ព័ន្ធមិត្តរុស្ស៊ី គឺប្រទេសចិនអាចនឹងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី សម្រាប់គម្រប់ខួបមួយឆ្នាំនៃការផ្ទុះសង្គ្រាមនេះផងដែរ។ នេះបើតាម​ការចុះផ្សាយពី WSJ។

ជុំវិញភាពមន្ទិលសង្ស័យខាងលើ មហាអំណាចអាមេរិកបានធ្វើការព្រមានទៅកាន់ប្រទេសចិនថា ឲ្យបញ្ឈប់គំនិតផ្ដល់សព្វាវុធដល់រុស្ស៊ីជាបន្ទាន់ បើសិនមិនចង់​ឲ្យទំនាក់ទំនងរវាងចិន និងលោកខាងលិចកាន់តែមានភាពល្អក់កករ។

រដ្ឋមន្ត្រីការបរទេស Antony Blinken បានថ្លែងនៅក្នុងកិច្ចប្រជុំនៅទីក្រុង Munich កាលពីពេលកន្លងទៅថា រដ្ឋាភិបាលក្រុង Washington ទទួលបានដំណឹងថា ចិនកំពុងពិចារណាផ្ដល់ជំនួយពិសេសដល់រុស្ស៊ី ហើយមួយផ្នែកធំនៃជំនួយ គឺជាសព្វាវុធ។

គួរជម្រាបដែរថា ចិនធ្លាប់ស្នើឲ្យអ៊ុយក្រែន និងរុស្ស៊ីចូលតុចរចា​ដោយសន្តិវិធី ប៉ុន្តែមិនជោគជ័យ ហើយចិននៅបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ខណៈលោកខាងលិចព្យាយាមរារាំងចិនជាច្រើនលើកច្រើនសារ ស្របពេលចិនក៏ច្រានចោលការចោទប្រកាន់ពីការផ្គត់ផ្គង់សព្វាវុធទៅរុស្ស៊ី និងសង្កត់ធ្ងន់ថា ពួកគេប្រកាន់ជំហរអព្យាក្រឹត ហើយការទិញប្រេងពីរុស្ស៊ី គឺគ្រាន់ជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្មប៉ុណ្ណោះ៕