ខណ:រុស្ស៊ី កំពុងរឹតចំណងមិត្តភាពជាមួយចិន IMF ត្រៀមកម្ចីជិត ១៦ពាន់លានដុល្លារ ដល់អ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងត្រូវធ្វើដំណើរចាកចេញពីទីក្រុងម៉ូស្គូ នៅថ្ងៃពុធនេះ បន្ទាប់ពីការបង្ហាញសាមគ្គីភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការប្រឆាំងទៅនឹងប្រទេសលោកខាងលិច ប៉ុន្តែក្នុងនោះដែរ មេដឹកនាំរបស់ចិន ហាក់មិនបានផ្តល់ការគាំទ្រដោយផ្ទាល់ណាមួយ ចំពោះបញ្ហាសង្គ្រាមរបស់លោកពូទីន នៅអ៊ុយក្រែននោះឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរយ:ពេលបីថ្ងៃទៅកាន់ប្រទេសរុស្ស៊ី លោក ស៊ី ស្ទើតែមិនបាននិយាយអ្វីសោះ អំពីជម្លោះនៅអ៊ុយក្រែន ដោយលោកថែមទាំងបានលើកឡើងទៀតថា ប្រទេសចិន មាន​ជំហរ​មិនលំអៀងទៅខាងណាមួយនោះឡើយ ។

ប៉ុន្តែ ដោយបានឆ្លើយតបទៅនឹងកិច្ចប្រជុំរវាង លោក ស៊ី និងពូទីន សេតវិមានអាមេរិក បាននិយាយថា ជំហររបស់ចិនគឺបានបង្ហាញយ៉ាងច្បាស់ហើយពីភាពលំអៀងរបស់ពួកគេ ហើយថែមទាំងបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ធ្វើការដាក់សម្ពាធឱ្យរុស្ស៊ី ដកខ្លួនចេញពីទឹកដីអធិបតេយ្យភាពអ៊ុយក្រែន ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតមិនធ្លាប់មានរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើទីពីរមក ។​

លើសពីនេះទៅទៀត បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងស្ថិតនៅក្រោមការគ្រប់គ្រងដោយសហរដ្ឋអាមេរិក បានប្រកាសថា បន្ទាប់ពីមានការចរចាជាច្រើនខែកន្លងមក ឥឡូវនេះបានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយរដ្ឋាភិបាលទីក្រុងគៀវ ហើយ ទៅលើការផ្តល់ជូនកញ្ចប់កម្ចីរយ:ពេល ៤ ឆ្នាំ ក្នុងចំនួនទឹកប្រាក់ប្រហែល ១៥,៦ពាន់លានដុល្លារ ។

ទឹកប្រាក់ដ៏ច្រើននេះ អាចនឹងនឹងជួយអ៊ុយក្រែន ធ្វើការប៉ះប៉ូវ ចំពោះអ្វីដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ខ្លួន ក្នុងអំឡុងពេលរងការឈ្លានពានពីសំណាក់រុស្ស៊ី អស់រយ:ពេលជាងមួយឆ្នាំមកនេះ។ ហើយ IMF បាននិយាយទៀតថា ខ្លួនរំពឹងទុកខ្ពស់ថាសេដ្ឋកិច្ចរបស់អ៊ុយក្រែន អាចនឹងបង្ហាញពីកំណើនឡើងវិញ នៅឆ្នាំ ២០២៣ នេះ ពីកម្រិត -៣% មក ១% ។

ដោយឡែកសម្រាប់ សហរដ្ឋអាមេរិកវិញ ក៏មានបំណងក្នុងការពន្លឿនការបញ្ជូនរថក្រោះចម្បាំង Abrams ចំនួន ៣១ គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន នៅរដូវស្លឹកឈើជ្រុះ នាពេលខាងមុខនេះផងដែរ។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ទោ Patrick Ryder បានប្រាប់ទៅកាន់អ្នកយកព័ត៌មាន ៕