សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចចាត់តាំង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត។

យោងតាមសេចក្តីសម្រេចលេខ ៦៣៣/០៧២៥/សស.គក របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្តចំនួន ៨រូប រួមមាន៖ ១.ឯកឧត្តម ផេង គឹមស៊្រុន អនុប្រធាន, ២.ឯកឧត្តម អ៊ុក គឹមសាន, ៣.ឯកឧត្តម ឆាយ ជោតនា, ៤.ឯកឧត្តម ហ៊ុន សុខា, ៥.ឯកឧត្តម ឃន ជឺ, ៦.ឯកឧត្តម អែម ប៊ុនធឿន, ៧.អ្នកឧកញ៉ា សួរ វីរៈ និង ៨.អ្នកឧកញ៉ា ឡាញ់ ភារ៉ា ជាសមាជិក។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ត្រូវបានតែងតាំង ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលជាក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឆាប់រហ័សឈានមុខគេនៅកម្ពុជា។ បច្ចុប្បន្ន វិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិត, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ព្រមទាំងមានគម្រោងដាក់បម្រើសេវាកម្មយន្តហោះដឹកភ្ញៀវទេសចរក្នុងស្រុក នាពេលខាងមុខទៀតផងដែរ៕





