ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ «អ្នកដែលចង់ទិញសិទ្ធិផ្តាច់មុខក្រុមហ៊ុនអាមេរិក មកកាន់កម្ពុជា អាចទាក់ទងខ្ញុំបានគ្រប់ពេល»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានប្រកាសស្វែងរកអ្នកមានកម្ពុជា ដែលមានបំណងចង់ទិញសិទ្ធិផ្តាច់មុខក្រុមហ៊ុនល្បីៗរបស់អាមេរិក មកកាន់កម្ពុជា អាចទាក់ទងរូបលោកបានគ្រប់ពេល ព្រោះលោកឧកញ៉ាមានបទពិសោធន៍ច្រើន ក្នុងការរកស៊ីជាមួយក្រុមហ៊ុនប្រទេសមហាអំណាចពិភពលោកមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាថ្ងៃទី០១ ខែសីហានេះ លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា លោកធ្លាប់ធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ១០ដង បានទៅរាប់សិបរដ្ឋ និងទីក្រុងនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០១៦ មក។ ក្នុងឆ្នាំ ២០១៧ ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកបានចុះ MOU ជាមួយសមាគម National Association of Realtors (NAR) របស់អាមេរិក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៨។ ក្នុងឆ្នាំ ២០១៨ ក្នុងនាមជាពាណិជ្ជករកម្ពុជា លោកបានទិញសិទ្ធិផ្តាច់មុខ (Master Franchise) Keller Williams Realty International ដែលជាក្រុមហ៊ុនធំ Top 500 របស់អាមេរិក សម្រាប់ប្រទេសកម្ពុជា។

លោកឧកញ៉ាបណ្ឌិត បានបង្ហាញការយល់ឃើញទៀតថា ការយកពន្ធ ០% សម្រាប់ទំនិញអាមេរិកមកលក់នៅកម្ពុជា និងពន្ធ ១៩% សម្រាប់ទំនិញកម្ពុជាទៅលក់នៅអាមេរិក នឹងធ្វើឱ្យទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ មានការកើនឡើងចាប់ពីពេលនេះតទៅ។ សម្រាប់អ្នកមានកម្ពុជា ដែលស្រលាញ់ក្រុមហ៊ុនអាមេរិក ហើយចង់ទិញសិទ្ធិផ្តាច់មុខមករកស៊ីនៅកម្ពុជា តែមិនដឹងទាក់ទងអ្នកណា នោះអាចទាក់ទងទៅរូបលោកផ្ទាល់ បានគ្រប់ពេល។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ បន្ថែមបែបនេះទៀតថា៖ “គោលបំណងធំរបស់ខ្ញុំ គឺចង់ឱ្យមានទំហំពាណិជ្ជកម្មអាមេរិក-កម្ពុជា កើនឡើងច្រើន ហើយមិនមែនសម្រាប់តែរូបខ្ញុំទេ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាយើង។ ឧទាហរណ៍ ប្រជាជនខ្មែរយើងខ្លះចង់យកផលិតផលទៅលក់នៅសហរដ្ឋអាមេរិក គាត់មិនដឹងទាក់ទងខាងណា ឬរកស៊ីលើផ្នែកអ្វី អាចទាក់ទងមកខ្ញុំបាន។ សំខាន់អ្នកមានខ្មែរ ដែលចង់ទិញសិទ្ធិផ្តាច់មុខក្រុមហ៊ុនអាមេរិក មករកស៊ីស្រុកខ្មែរ អាចទាក់ទងមកខ្ញុំបាន”។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕