អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានលើកឡើងថា ទោះបីយើងមានប្រាក់ច្រើនប៉ុន្មានក៏ដោយ ក៏មិនអាចជួលនរណាម្នាក់ឱ្យមកដេកលើគ្រែពេទ្យជំនួសបានទេ ដូច្នេះមានតែខិតខំកសាងអំពើល្អ និងធ្វើបុណ្យដាក់ទានតាមកម្លាំងសទ្ធាទើបជារឿងប្រសើរ។

ការបង្ហាញទស្សនៈរបស់អ្នកឧកញ៉ាខាងលើនេះ គឺបន្ទាប់ពីអ្នកឧកញ៉ា បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ពិនិត្យសុខភាពផ្ទាល់ខ្លួន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងបែបនេះថា៖ “នៅពេលដែលយើងបានឡើងដេកលើគ្រែពេទ្យនេះហើយ យើងមិនអាចឱ្យប្រពន្ធកូនចៅជាទីស្រឡាញ់ មកដេកនៅលើគ្រែនេះជំនួសយើងបាននោះទេ ហើយបើទោះបីជាយើងមានប្រាក់ច្រើនប៉ុន្មានក៏ដោយចុះ ក៏យើងមិនអាចយកទៅជួលអ្នកណាម្នាក់ ឱ្យមកដេកលើគ្រែពេទ្យនេះជំនួសយើងបានដែរ»។
អ្នកឧកញ៉ា បានបន្ថែមថា យើងមានតែខិតខំប្រឹងប្រែងព្យាយាមសាងតែអំពើល្អ ធ្វើបុណ្យដាក់ទានទោះតិចក្តីច្រើនក្តីទៅតាមកម្លាំងសទ្ធា។ មនុស្សគ្រប់រូបនៅពេលដែលចែកឋានទៅ មិនអាចនាំយកអ្វីៗជាទីស្រឡាញ់ទៅជាមួយបាននោះទេ បើអាចនាំយកទ្រព្យសម្បត្តិទៅជាមួយបាន ក៏នៅឋានលើ និងឋានក្រោមមិនមានផ្សារលក់ដូរទំនិញ ដូចឋានកណ្ដាលយើងនេះទេ ហើយក៏មិនមានវត្តអារាមសម្រាប់ធ្វើបុណ្យដាក់ទានបាននោះដែរ។
បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា បានឱ្យដឹងថា បច្ចុប្បន្នលោកមានជំងឺបេះដូងដំណើរការមិនប្រក្រតី ហើយការព្យាបាលលើកនេះមិនទទួលបានជោគជ័យនោះទេ។ លោកវេជ្ជបណ្ឌិតបានរៀបចំឱសថឱ្យយកទៅប្រើរយៈពេល២ខែ និងត្រូវវិលត្រឡប់មកព្យាបាលជាថ្មីម្តងទៀត ហើយលោកវេជ្ជបណ្ឌិតបានហាមដាច់ខាតកុំឱ្យធ្វើដំណើរ ចេញឆ្ងាយពីរាជធានីភ្នំពេញ បើមានបញ្ហាក្នុងចន្លោះពេល១ទៅ២ម៉ោង ត្រូវតែមកឱ្យដល់មន្ទីរពេទ្យជាដាច់ខាត៕







