ឧកញ៉ាៗថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ៣រូប អញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅប្រទេសហ្វីលីពីន

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន មានសមាសភាពចំនួន ៣០ រូប ចូលរួួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងារនៅប្រទេសហ្វីលីពីន លោកនិងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម»។

គោលដៅចម្បងនៃជំនួបនេះ គឺការបង្កើតស្ពានចម្លងទំនាក់ទំនងកាន់តែជិតស្និទ្ធវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរុញច្រានទំហំពាណិជ្ជកម្មកសិកម្មឱ្យកាន់តែធំ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជនយើងទាំងសងខាង។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនប្រមាណ ៣៣ ក្រុមហ៊ុន បានជួបពិភាក្សាលើការបើកច្រកទីផ្សារបន្ថែមសម្រាប់បង្កើនការនាំចេញអង្ករ និងកសិផលសក្តានុពលផ្សេងទៀតរបស់កម្ពុជា រួមមានគ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន។

គូសបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន គឺជាទីផ្សារនាំចេញដែលមានសក្តានុពលមួយសម្រាប់អង្ករកម្ពុជា ហើយជាក់ស្ដែង ក្នុងរយៈពេល ៦ ខែ នៃឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសហ្វីលីពីនចំនួនប្រមាណ ៧ មុឺនតោនផងដែរ។