ឯកឧត្តម គន់ គីម និងថ្នាក់ដឹកនាំជាន់ខ្ពស់សមាគម​ ១២រូប ទទួលបានគ្រឿងឥស្សរិយយសជាន់ខ្ពស់​ពីសមាគមអតីតយុទ្ធជនម៉ាឡេស៊ី

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជា​អគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និងមេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជន​ម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំង​ប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន១២រូប នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុង ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនពិធីបំពាក់គ្រឿងឥស្សរិយយសជាន់ខ្ពស់ពី ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីត​យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៉ី ថ្លែងថា សមាគមអតីតយុទ្ធជនម៉ាឡេស៊ី មើលឃើញពីកិច្ចខិតខំប្រឹង​ប្រែង​របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ជាសេនាធិការ លើកកម្ពស់ការបង្កើតទំនាក់ទំនងទ្វេភាគី ស្មារតីសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការរវាង​សមាគមទាំងពីរ។

ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនម៉ាឡេស៊ី ថ្លែងទៀតថា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងពេលកំពុងកាន់តំណែងជាប្រធាន VECONAC ២០២៦ ដែលស្នាដៃរបស់ ឯកឧត្តម និងថ្នាក់ដឹកនាំជាច្រើនទៀត សាកសមទទួលគ្រឿងឥស្សរិយ យសជាន់ខ្ពស់ពី សមាគមអតីតយុទ្ធជន​ម៉ាឡេស៊ី។

ជាមួយគ្នានេះ ឯកឧត្តម គន់ គីម ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា សូមសម្តែងសេចក្តីសោមនស្សរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនម៉ាឡេស៊ី និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជា​ណាចក្រកម្ពុជា ដើម្បីនាំយកនូវគ្រឿងឥស្សរិយយស មកប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តម គន់ គីម លើកឡើងថា ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាង​ច្បាស់អំពីការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិត្តិយស សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

លើសពីនេះ ជោគជ័យ និងសមិទ្ធផលទាំងឡាយដែលសមាគមសម្រេចបានរហូតមកដល់ពេលនេះ គឺមិនអាចកាត់​ផ្តាច់បានឡើយពីការដឹកនាំដ៏ប៉ិនប្រសព្វជាប្រចាំពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ដែលជា​ស្ថាបនិកបង្កើតសមាគមនេះឡើង ដើម្បីធ្វើជាបង្អែកដ៏រឹងមាំសម្រាប់ អតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តម គន់ គីម បន្តថា ក្រោមការដឹកនាំប្រកបដោយថាមវន្ត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាគម រាជរដ្ឋាភិបាលកម្ពុជា បានបន្តជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់កិត្តិយស និងជីវភាពរស់នៅរបស់​អតីត​យុទ្ធជន និងនិវត្តជនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។

ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សមាគមអតីត​យុទ្ធជនកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី មិនមែនជាទំនាក់ទំនងដែលកើតឡើងក្នុងថ្ងៃនេះទេ ប៉ុន្តែជាទំនាក់ទំនង ដែលបានកសាង និងពង្រឹងជាបន្តបន្ទាប់ ដោយឈរ លើមូលដ្ឋាននៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងផលប្រយោជន៍រួមរបស់អតីតយុទ្ធជន។

ក្នុងនាម សមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា ឯកឧត្តម គន់ គីម សង្ឃឹម និងជឿជាក់ថា បន្ទាប់ពី​ការបំពាក់គ្រឿងឥស្សរិយយស នឹងក្លាយជាចំណុចសំខាន់មួយបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគីរវាងសមាគមទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសតាម​រយៈការផ្លាស់ប្ដូរ​បទពិសោធន៍ ការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមក្នុងសកម្មភាពនានា​របស់សហព័ន្ធអតីតយុទ្ធជន​បណ្តាប្រទេសអាស៊ាន៕