លោកអ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភគ្រែសង្គ្រោះបន្ទាន់កុមារ ចំនួន៥គ្រែ សរុបថវិកា ១០,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន ទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជា សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមឧបត្ថម្ភ គ្រែសង្គ្រោះបន្ទាន់កុមារ ចំនួន ៥គ្រែ ស្មើនឹងទឹកប្រាក់សរុបចំនួន ១០,០០០ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញឱ្យដឹងលើបណ្តាញសង្គម​ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដាក់ឈ្មោះតាមព្រះនាមព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ដែលជាព្រះរាជធីតាទី៨ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ មន្ទីរពេទ្យគន្ធបុប្ផាទី១ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ ក្រោមព្រះរាជបញ្ជាពីព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ បន្ទាប់ពីសង្គ្រាម លោកបណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យជួយជួសជុលមន្ទីរពេទ្យដែលរងការបំផ្លិចបំផ្លាញ ហើយលោកបានបង្កើតមូលនិធិគន្ធបុប្ផា នៅប្រទេសស្វីសនៅឆ្នាំ១៩៩២ ដើម្បីជួសជុល និងដាក់ឱ្យដំណើរការមន្ទីរពេទ្យឡើងវិញនៅឆ្នាំ១៩៩១។ មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យសប្បុរសធម៌ និងជាមន្ទីរពេទ្យកុមារថ្នាក់ជាតិដ៏ធំមួយនៅកម្ពុជា ដែលផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។

សូមជម្រាបថា លោកអ្នកឧកញ៉ា លាង ឃុន ជានិច្ចកាលតែងតែបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួនជួយ​ដល់​សង្គម​ជាហូរហែ។ ជាក់ស្តែង កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ក៏បានចូលរួមនាំយកថវិកាបរិច្ចាគ ចំនួន ១លានដុល្លារអាមេរិក របស់ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ៕