នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្ត សុវណ្ណគីរីរតនៈ ភ្នំប្រុស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ និងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាន ហ៊ុន ណេង ដែលបានទទួលមរណភាព កាលឆ្នាំ២០២២ ព្រមទាំងឧទ្ទិសកុសលជូនបុព្វការីជន ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន។

បើតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងស្នងការខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។ ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ រួមនឹងវីរយុទ្ធជនស្នេហាជាតិ ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។
សូមជម្រាបថា ពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានប្រព្រឹត្តិទៅនៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរ និងតាមគន្លងនៃព្រះពុទ្ធសាសនា៕







