ទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក នីយ៉ាស អាលីហ្សាត (Niyaz Ali-zade) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ែបៃហ្សង់។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការការពង្រឹងទំនាក់ទំនងស្ថាប័ន និងការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់។
គួររំលឹកថា សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទើបបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នា៖ ១.ជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ ២.រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មរួមគ្នា។ ៣.ផ្លាស់ប្តូរព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច បច្ចុប្បន្នភាពសេដ្ឋកិច្ច និងគោលនយោបាយលើកទឹកចិត្តវិនិយោគពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕










