អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងលោកជំទាវ កាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលចំការដូងក្រអូប ទំហំជាង ១០០ហិកតា នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងថា រសៀលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបាននាំលោកជំទាវប្រហុក មកមើលចំការដូងក្រអូប នៅលើផ្ទៃដីចំនួន ១០០ហិកតា ស្មើនឹង៣៣,៤០០ដើម ដែលលោកបានដាំរយៈពេល ៣០ខែកន្លងទៅ នៅតាមបណ្តោយផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រ១៥៨ ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អ្នកឧកញ៉ា បានឱ្យដឹងទៀតថា ពេលនេះដើមដូងមួយចំនួនបានហុចផលបណ្តើរៗហើយ ប៉ុន្តែជាអកុសលនៅក្នុងតំបន់នេះសម្បូរទៅដោយសត្វ កន្តុរ និងកាំប្រមា ស៊ីបំផ្លាញដើមនិងផ្លែអស់ប្រមាណជា១៥ភាគរយឯណោះ។ ជាធម្មតាជីវិតអ្នកប្រកបអាជីវកម្មកសិកម្ម កសិឧស្សាហកម្ម វារមែងតែងតែជួបឧបសគ្គមួយចំនួនមិនខានឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងមិនត្រូវបោះបង់វាចោលនោះទេ។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យកសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា និងជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ។ អ្នកឧកញ៉ា បានវិនិយោគនៅភូមិសាស្ត្រខេត្តព្រះសីហនុ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយកាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ាក៏ទើបរៀបចំពិធីសម្ពោធអគារការិយាល័យថ្មីមួយខ្នង នៅលើតំបន់ឆ្នេរសមុទ្រកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ផងដែរ៕









